Thursday, July 26, 2012

បទពិសោធន៍​អ្នកជម្ងឺ​ធ្លាក់ស និង​ជម្ងឺ​រលាក​ទ្វារមាស


ជម្ងឺ​ធ្លាក់ស និងជម្ងឺ​រលាក​ទ្វារមាស​កំពុងតែ​មានការ​រីករាលដាល​យ៉ាងខ្លាំង ពេលនេះ​ជម្ងឺនេះ​ក៏បាន​បង្កផល​ប៉ះពាល់​យ៉ាង ធ្ងន់ធ្ងរ​សម្រាប់​ស្ដ្រី ដូចជា​ធ្វើឱ្យ​ឈឺ​ចុកចាប់​នៅខាង​លើថ្ងាស​ទ្វារមាស ចុះទម្ងន់ អស់​កម្លាំង ឧស្សាហ៍​ងងឹតមុខ និង​ពិបាក​នៅក្នុង ការ​រួមភេទ​ជាដើម។ ជាពិសេស​ជម្ងឺ​ទាំងនេះ​អាចឆក់​យកជីវិត​របស់​អ្នកជម្ងឺ​បានថែម​ទៀតផង បើសិន​ជាអ្នក​ជម្ងឺ​មានការ​ធ្វេសប្រហែស​មិនធ្វើ​ការ​ព្យាបាល​ទាន់ពេល​វេលា​ទេនោះ។ 

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​កញ្ញា ស. អ រស់នៅ​ទីក្រុង​ភ្នំពេញ អាយុ​២៥ឆ្នាំ បានចែក​រំលែក​បទពិសោធន៍ អំពី​ជម្ងឺ​ធ្លាក់ស និង​ជម្ងឺ​រលាក​ទ្វារមាស ដើម្បី​ឱ្យស្ដ្រី​គ្រប់រូប​បានជ្រាប​បន្ថែមទៀត​អំពី​ផលវិបាក​នៃជម្ងឺ​នេះ។
កញ្ញា ស. អ បាន​រៀបរាប់​ឱ្យដឹង​ថា នាង​មិនដឹង​ថានាង​កើតជម្ងឺ​នេះ​តាំងពី​ពេលណា​នោះទេ គ្រាន់តែ​ចាប់​អារម្មណ៍ ឃើញថា​ឈាម​រដូវ​គឺមាន​ក្លិន​មិនល្អ ហើយ​មានធ្លាក់​ទឹកសៗ ដែលកាល​ពីមុន​មិនដែល​ធ្លាប់មាន​អាការ​បែបនេះ​ឡើយ។ ដូចនេះ​ហើយ ទើប​ធ្វើឱ្យ​នាង ស. អ សម្រេចចិត្ដ​មកជួប​ជាមួយ​អ្នកជំនាញ ហើយក៏​បានពិនិត្យ​ឃើញថា​នាងកើត​មានជម្ងឺ​ធ្លាក់ស និង​ជម្ងឺ​រលាក ទ្វារមាស​កម្រិត​ស្រាល។ ឥឡូវនេះ​នាង​កំពុងតែ​ទទួល​សេវា​ថែទាំ​សុខភាព​នៅសមាគម​សុខភាព​គ្រួសារ​កម្ពុជា​រ៉ាក់។ កញ្ញា ស. អ បាន​រម្លឹក​ថា នាង​តែងតែ​ធ្វើការ​សម្អាត​ទ្វារមាស​ជានិច្ច​មិនដែល​ធ្វេស​ប្រហែស​ឡីយ តែ​មិងដឹង​ជាមូលហេតុ​អ្វី ទើប​បណ្ដាល​ឱ្យកើត​មាន​ជម្ងឺ​ទាំងនេះ។



កញ្ញា ស. អ បាន​រៀបរាប់​បន្ដទៀត​ថា នាង​មានការ​ព្រួយបារម្ភ​ចំពោះ​សុខភាព​ដែរ តែ​ពេលនេះ​នាងបាន​មក​ព្យាបាល ទាន់​ពេលវេលា។ ជារៀង​រាល់ថ្ងៃ​នេះ កញ្ញា ស. អ បានធ្វើ​អនាម័យ​ខ្លួនប្រាណ ជាពិសេស​ប្រដាប់ភេទ និង​ទទួលទាន​អាហារ ដែល​គ្រូពេទ្យ​បាន​ណែនាំ​ជានិច្ច​មិនដែល​ធ្វេសប្រហែស​ឡើយ។
យោបល់​របស់​អ្នក​ជំនាញ
លោកស្រី គុយ ចាន់ឌី ពេទ្យឆ្មប នៅ​គ្លីនិក​ថែទាំ​សុខភាព​រ៉ាក់បាន​មាន​ប្រសាសន៍​ថា ជាការពិត​ជម្ងឺ​ធ្លាក់ស និង​ជម្ងឺ រលាកទ្វារមាស​អាច​បណ្ដាល​មកពី​កត្ដា​ច្រើនយ៉ាង ជាពិសេស​កត្ដា​គ្មាន​អនាម័យ​ចំពោះ​ទ្វារមាស​តែម្ដង។ ហើយ​ជម្ងឺ​ទាំងនេះ​បានបង្ក​ឱ្យ មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ អាចធ្វើ​ឱ្យមាន​ការ​ឈឺចាប់​នៅខាងលើ​ថ្ងាស​ទ្វារមាស និង​បណ្ដាល​ឱ្យមាន​អាការ​ផ្សេង​ជាច្រើន​ទៀត។ ដូចនេះ​ដើម្បី​កុំឱ្យ​កើតមាន​ជម្ងឺ​ទាំងនេះ ស្ដ្រី​គ្រប់រូប​ត្រូវតែ​ធ្វើការ​សម្អាត​ទ្វារមាស​ឱ្យបាន​ស្អាតល្អ ហើយ​សម្លៀក​បំពាក់​ខាងក្នុង​ត្រូវ តែ​មានអនាម័យ​ជានិច្ច និង​ត្រូវតែ​ហាលឱ្យ​ត្រូវពន្លឺ​ថ្ងៃ​ផងដែរ។ នៅពេល​ដែលមាន​បញ្ហា​អ្វីមួយ​ដែលកើត​នៅលើ​ទ្វារមាស ត្រូវតែមក​ពិភាក្សា​ជាមួយ​អ្នកជំនាញ ដើម្បី​ពិនិត្យ និង​ព្យាបាល ចៀសវាង​កើតមាន​ដំណាក់​កាល​ធ្ងន់ធ្ងរ ដែល​ពិបាក​នៅក្នុង​ការព្យាបាល។
ដកស្រង់ចេញពី healthcambodia.com

No comments:

Ramayana - The Epic